A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 30 September 2015

ទុក្ខ​លំបាក​នៃ​គ្រួសារ​កម្មករ​នេសាទ​ដែល​ត្រូវ​ជនជាតិ​វៀតណាម​សម្លាប់​នៅ​ខេត្ត​កំពត

ទុក្ខ​លំបាក​នៃ​គ្រួសារ​កម្មករ​នេសាទ​ដែល​ត្រូវ​ជនជាតិ​វៀតណាម​សម្លាប់​នៅ​ខេត្ត​កំពត
ដោយ យ៉ង ចាន់តារា
2015-09-29 rfa
អ្នកស្រី សិន សាហ្វ៊ី អង្គុយ​ឱប​កូន​នៅ​ផ្ទះ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Yang Chandara

អស់​រយៈពេល​ជាង ២​ខែ​មក​ហើយ ដែល​កម្មករ​ទូក​នេសាទ​ជនជាតិ​ចាម នៃ​សហគមន៍​នេសាទ​ត្រើយ​កោះ ខេត្ត​កំពត ត្រូវ​បាន​ឃាតក​ជនជាតិ​វៀតណាម វាយ​សម្លាប់។ មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​វែក​មុខ​ចាប់​ជន​ដៃ​ដល់​បាន​នៅ​ឡើយ ហើយ​គ្រួសារ​ជន​រងគ្រោះ​កំពុង​រង​ផល​វិបាក​ជាច្រើន​ក្នុង​ជីវិត​រស់នៅ​ ប្រចាំ​ថ្ងៃ។

តើ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ជួប​ប្រទះ​ វិបត្តិ​អ្វី​ខ្លះ ក្រោយ​បាត់បង់​សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់ និង​ជា​ជន​បង្គោល​ក្នុង​ការ​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​នោះ?

ក្រុម ​គ្រួសារ​កម្មករ​ទូក​នេសាទ​ជនជាតិ​ចាម ដែល​ត្រូវ​អ្នក​នេសាទ​វៀតណាម វាយ​សម្លាប់​កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ កំពុង​រស់នៅ​ដោយ​ត្រដរ រក​ព្រឹក​ខ្វះ​ល្ងាច ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ។
នាក់ សេន សិន សាហ្វ៊ី ៦២០
ប្រធាន​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ សេន ឈរ​និយាយ​ជាមួយ អ្នកស្រី សិន សាហ្វ៊ី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Yang Chandara

«កុំ​ឲ្យ​ពួក​យួន ពួក​អី​ហ្នឹង​ចូល​មក​ធ្វើ​រញ៉េរញ៉ៃ​អ៊ីចឹង។ យើង​មិន​មែន​ថា​មិន​ឲ្យ​គេ​រក​ទេ ព្រោះ​មុខ​របរ​ហ្នឹង យើង​រក​ស៊ី​អ៊ីចឹង​ដូច​គ្នា ប៉ុន្តែ​កុំ​ឲ្យ​យើង​រក​ស៊ី​ខុស​ច្បាប់ រក​ស៊ី​ឲ្យ​ត្រូវ​ច្បាប់​ដូច​គ្នា»

មាន ​សម្បុរ​ស ស្លៀក​ពាក់​ជា​របៀប​ប្រពៃណី​ជនជាតិ​ចាម កំពុង​អង្គុយ​ចិត​បន្លែ​នៅ​ក្នុង​រោង​ប្រក់​ស័ង្កសី អ្នកស្រី សិន សាហ្វ៊ី គឺ​ជា​ភរិយា​នៃ​សព​ជន​រងគ្រោះ​ឈ្មោះ ឌុល អៃយ៉ូប ដែល​ត្រូវ​អ្នក​នេសាទ​វៀតណាម សម្លាប់។ អ្នកស្រី សិន សាហ្វ៊ី និយាយ​ដោយ​ទឹក​មុខ​ស្រងូតស្រងាត់​ថា ក្រុម​គ្រួសារ​អ្នកស្រី​មិន​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ ដូច​កាល​ដែល​ប្ដី​អ្នកស្រី​នៅ​រស់​នោះ​ឡើយ៖ «ចង់​ឲ្យ​ជួយ​ធ្វើ​ផ្ទះ​ហ្នឹង​ឲ្យ​ជួយ​ទិញ​អង្ករ​អី​ឲ្យ​ហូប បាន​ភ្លើង​បាន​ទឹក។ ហ្នឹង​ពិបាក​ត្រង់​ថា អត់​មាន​អី​ហូប ផ្ទះ​ចង់​រលំ អត់​មាន​ភ្លើង​អគ្គិសនី អត់​មាន​ទឹក​អី​ហ្នឹង តែ​ប៉ុណ្ណឹង​ទេ»។

ប្ដី ​របស់​អ្នកស្រី គឺ​លោក ឌុល អៃយ៉ូប អាយុ ៤២​ឆ្នាំ ត្រូវ​បាន​អ្នក​នេសាទ​វៀតណាម សម្លាប់ រួច​បោះ​សព​ចូល​ក្នុង​សមុទ្រ​កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ខណៈ​ដែល​ទូក​នេសាទ​របស់​ពួក​លោក​កំពុង​នេសាទ​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា។

សមាជិក ​សហគមន៍​ម្នាក់​ឈ្មោះ លោក សឿ រឿន ដែល​ជា​សាក្សី​ស្ថិត​ក្នុង​ហេតុការណ៍ និង​បាន​ជួយ​ស្រង់​សាកសព​ជន​រងគ្រោះ​ពី​ក្នុង​ទឹក​សមុទ្រ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ថា អ្នក​នេសាទ​វៀតណាម មួយ​ចំនួន បាន​ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ដោយ​បំពាន និង​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ រួច​ក៏​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​របស់​ពួក​លោក៖ «វា​អូស​មង​ជាប់​គ្នា វា​ខឹង​ខ្លាំង វា​កាត់​ពួរ​មក​បុក​ពន្លិច​តែ​ម្តង។ តែ​ដល់​ពេល​បុក​អត់​លិច កូន​ដៃ (កម្មករ) ក៏​ធ្លាក់​ទឹក ហើយ​វា​ក៏​ស្រង់​កូន​ដៃ​ឡើង រួច​សម្លាប់​ចោល។ បន្ទាប់​មក​វា​តេ​អូ​ហៅ​ពួក​ខ្ញុំ​ថា ឲ្យ​ទៅ​យក​ខ្មោច​ពួក​គ្នា​ឯង​វិញ​ទៅ។ វា​មិន​គួរ​សោះ អូស​នៅ​ទឹក​ដី​ខ្មែរ​សោះ វា​មាន​កម្លាំង​ដល់​ថ្នាក់​ហ្នឹង ដល់​ធ្វើ​បាប​ខ្មែរ»។

មរណភាព​របស់​ប្ដី ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ អ្នកស្រី សិន សាហ្វ៊ី ស្រុត​ចុះ​ជា​ខ្លាំង ពីព្រោះ​គ្រួសារ​ទាំង​មូល​រស់នៅ​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​ចុះ​ទូក​នេសាទ​របស់ លោក ឌុល អៃយ៉ូប ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ។ បច្ចុប្បន្ន​នេះ អ្នកស្រី សិន សាហ្វ៊ី ប្រកប​របរ​ជា​អ្នក​លក់​ប្រហិត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន ២​នាក់។ កូន​ស្រី​បង​មាន​ឈ្មោះ អៃយ៉ូប ខឌី អាយុ ១៥​ឆ្នាំ រៀន​នៅ​សាលា​បឋម​សិក្សា​ត្រើយ​កោះ ក្រុង​កំពត ឯ​កូន​ប្រុស​ពៅ​មាន​អាយុ ៥​ឆ្នាំ ឈ្មោះ អៃយ៉ូប រ៉ូសាគីន មិន​ទាន់​ចូល​រៀន​នៅ​ឡើយ។ តាម​រយៈ​របរ​លក់​ប្រហិត​នេះ អ្នកស្រី​អាច​រក​ប្រាក់​បាន​ប្រហែល ៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ សរុប​ទាំង​ថ្លៃ​ដើម និង​ប្រាក់​ចំណេញ។

កំពុង​ស្រាយ​ថង់​ ដើម្បី​យក​ប្រហិត​មក​បង់​លក់​ឲ្យ​ក្មេងៗ កុមារី អៃយ៉ូប ខឌី បាន​និយាយ​ដោយ​ទឹក​មុខ​ស្មើ​ថា នាង​មិន​មាន​បំណង​រៀន​បន្ត​ទៅ​មុខ​វែង​ឆ្ងាយ​ឡើយ ពីព្រោះ​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពី​ម្តាយ និង​ប្អូន​ប្រុស​របស់​នាង។ បើ​ទុក​ជា​នាង​រៀន​ពូកែ​បាន​ចំណាត់​ថ្នាក់​ក្រោម ១០ ក៏ដោយ ក៏​នាង​សម្រេច​ចិត្ត​ថា​នឹង​ឈប់​រៀន បន្ទាប់​ពី​ចប់​ថ្នាក់​ទី​៦ ដើម្បី​មើល​ថែទាំ​គ្រួសារ៖ «រៀន​តែ​នៅ​ទីនេះ​ចប់​ប្រហែល​ជា​ឈប់​ហើយ​ទេ​ដឹង! ខ្ជិល​ទៅ​ទៀត ខ្ជិល​ចោល​ម៉ាក់ ចោល​ប្អូន។ មិន​ដឹង​នៅ​រៀន​ធ្វើ​អ្វី ទៅ​ដល់​មុខ​ទៀត​បាន​ដឹង»។

 អ្នកស្រី សិន សាហ្វ៊ី៖ «កុំ ​ឲ្យ​ពួក​យួន ពួក​អី​ហ្នឹង​ចូល​មក​ធ្វើ​រញ៉េរញ៉ៃ​អ៊ីចឹង។ យើង​មិន​មែន​ថា​មិន​ឲ្យ​គេ​រក​ទេ ព្រោះ​មុខ​របរ​ហ្នឹង យើង​រក​ស៊ី​អ៊ីចឹង​ដូច​គ្នា ប៉ុន្តែ​កុំ​ឲ្យ​យើង​រក​ស៊ី​ខុស​ច្បាប់ រក​ស៊ី​ឲ្យ​ត្រូវ​ច្បាប់​ដូច​គ្នា»

ទាក់ទង​នឹង​ ឃាតកម្ម​លើ លោក ឌុល អៃយ៉ូប ប្រធាន​សហគមន៍​នេសាទ​ត្រើយ​កោះ លោក នាក់ សេន បាន​បញ្ជាក់​ថា ពលរដ្ឋ​ហាក់​មិន​មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច ថា​អាច​វែក​មុខ​ចាប់​ឃាតក​បាន​ឡើយ ពីព្រោះ​ជន​បង្ក​ជា​ជនជាតិ​វៀតណាម ដែល​ពួក​លោក​ខ្វះ​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់។ យ៉ាង​នេះ​ក្តី លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ទប់ស្កាត់​បទល្មើស​នេសាទ​សមុទ្រ​ត្រង់​ភូមិសាស្ត្រ​ខេត្ត​កំពត ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​សុវត្ថិភាព និង​ដើម្បី​កុំ​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​នេសាទ​ខុស​ច្បាប់​ដោយ​សេរី​បន្ត​ទៀត។ ចំពោះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ លោក​ថ្លែង​ថា នឹង​រៃអង្គាស​ប្រាក់​កាស​ខ្លះ ដើម្បី​ឧបត្ថម្ភ​ដល់​ការ​រស់នៅ​របស់​ពួក​គេ៖ «សហគមន៍​មាន​គំនិត​មួយ​ថា យើង​ពិនិត្យ​មើល​គាត់ បើ​គាត់​ដាច់​ពេល ឬ​ខ្វះ​ខាត​មិន​មាន​អ្វី​ផ្គត់ផ្គង់​កូន​គាត់​អី​អ៊ីចឹង គាត់​ត្រូវ​ប្រាប់​មក យើង​អាច​ថា​យើង​ដើរ​រៃអង្គាស​ប្រជា​នេសាទ​ក្នុង​ភូមិ ដើម្បី​ជួយ​គាត់​ឲ្យ​គាត់​បាន​ហូប​គ្រប់គ្រាន់​តែ​ប៉ុណ្ណឹង។ យើង​មិន​អាច​ជួយ​ធ្វើ​អ្វី​ធំ​ដុំ​ជាង​នេះ​ទេ»។

ចំណែក​ចៅ​ សង្កាត់​ត្រើយ​កោះ លោក ពៅ សុន មាន​ប្រសាសន៍​ថា ការ​វែក​មុខ​ចាប់​ជន​ដៃ​ដល់​ជា​ភារៈ​របស់​សមត្ថកិច្ច​គ្រប់គ្រង​ដែន​សមុទ្រ ដែល​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​សង្កាត់។ បើ​ទុក​ជា​មិន​អាច​អន្តរាគមន៍​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​ក៏ដោយ ក៏ លោក ពៅ សុន បាន​ទាក់ទង​ជាមួយ​សមាគម​ឥស្លាម និង​អាជ្ញាធរ​ថ្នាក់​លើ ដើម្បី​ស្វែងរក​ជំនួយ​ដល់​គ្រួសារ​ជន​រងគ្រោះ ដែល​កំពុង​ប្រឈម​បញ្ហា​លំបាក​ក្នុង​ការ​រស់នៅ៖ «ការ​ស៊ើប​អង្កេត​ជា​តួនាទី​របស់​មន្ត្រី​ជំនាញ ខ្ញុំ​សង្កាត់​អត់​បាន​ដឹង​ដែរ ប៉ុន្តែ​យើង​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដែរ ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ។ សមត្ថកិច្ច​គាត់​បាន​និយាយ​ថា បើ​សិន​ជា​អ្នក​នេសាទ​យើង គាត់​បាន​ថត​លេខ​ទូក​ទុក វា​នឹង​ងាយ​ស្រួល​រក។ ដោយសារ​ពេល​នោះ​ជា​ពេល​យប់ យើង​ក៏​អត់​បាន​ថត​លេខ​ទូក អ៊ីចឹង​ខាង​វៀតណាម ក៏​គេ​សហការ​ដែរ បើ​តាម​សមត្ថកិច្ច​ខាង​ព្រំដែន​លើក​ឡើង។ ជា​រួម​មក យើង​អត់​មាន​ភស្តុតាង ដឹង​តែ​ទូក ហើយ​ទូក​មាន​ច្រើន​យើង​ចំណាំ​អត់​បាន។ បើ​សិន​បាន​លេខ ខាង​វៀតណាម គេ​រក​ឲ្យ​បាន​ភ្លាម»។

ប្រជា​សហគមន៍​នេសាទ​ ត្រើយ​កោះ អះអាង​ថា អ្នក​នេសាទ​ជនជាតិ​វៀតណាម ដែល​ភាគ​ច្រើន​មាន​មូលដ្ឋាន​នៅ​កោះត្រល់ តែង​លួច​នេសាទ​ចូល​ដែន​ទឹក​កម្ពុជា ដោយ​មិន​ញញើត​អាជ្ញាធរ ហើយ​ជា​ញឹកញាប់ តែង​ប៉ះ​ទង្គិច​ជាមួយ​ពួក​គាត់។ ចំណុច​ដែន​ទឹក​ដែល​វៀតណាម តែង​បំពាន​នោះ ស្ថិត​នៅ​ទីតាំង​គន្លុក​ក្រម៉យ ដែល​ស្ថិត​នៅ​ចន្លោះ​សង្កាត់​ត្រើយ​កោះ និង​ស្រុក​ទឹកឈូ ខេត្ត​កំពត។

ក្រឡេក ​ទៅ​មើល​ការ​រស់នៅ​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ​ម្តង។ អ្នកស្រី សិន សាហ្វ៊ី និង​កូន​ទាំង​ពីរ​នាក់​ស្នាក់​នៅ​ក្នុង​ផ្ទះ​មួយ ដែល​មាន​ទំហំ​ប្រហែល ៤ គុណ​នឹង ៥​ម៉ែត្រ យក​ស័ង្កសី​មក​ធ្វើ​ជា​ជញ្ជាំង និង​ដំបូល។ ផ្ទះ​នេះ​មិន​មាន​ជើង​ទម្រ​រឹងមាំ​ទេ ដោយ​សសរ​នីមួយៗ​ត្រូវ​សត្វ​ស៊ី និង​ពុក​ឥត​ចន្លោះ។ ប្ដី​ត្រូវ​គេ​សម្លាប់ និង​ម្យ៉ាង​មិន​មាន​លុយ​ចាក់​ដី​ផង ផ្ទះ​ដ៏​តូច​មួយ​នេះ​ត្រូវ​ទឹក​លិច​សឹង​ត្រឹម​ជង្គង់​នៅ​ពេល​ភ្លៀង។ ពេល​ទឹក​ស្រក​អស់ ផ្លូវ​ចូល រួម​ទាំង​សណ្ឋាន​ដី​ក្រោម​ផ្ទះ ត្រូវ​ក្លាយ​ជា​ភក់​ជ្រាំ​សឹង​រក​កន្លែង​ដើរ​គ្មាន។ ផ្ទះ​នេះ​មិន​មាន​បង្គន់​អនាម័យ​ទេ ពោល​គឺ​អ្នកស្រី និង​កូនៗ ត្រូវ​ទៅ​រក​វាល​ស្រែ​ដែល​នៅ​ក្បែរ​នោះ ដើម្បី​បន្ទោបង់។ ក្នុង​មួយ​ខែៗ អ្នកស្រី​ត្រូវ​បង់​ថ្លៃ​ទឹក​ភ្លើង​ជាង ១​ម៉ឺន​រៀល ប៉ុន្តែ​តាំង​ពី​ប្ដី​ស្លាប់​ទៅ អ្នកស្រី​គ្មាន​លុយ​បង់​ឲ្យ​អ្នក​ផ្គត់ផ្គង់​ឡើយ ហើយ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ គេ​បាន​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ហើយ​មិន​យូរ​មិន​ឆាប់ គេ​នឹង​ផ្តាច់​អគ្គិសនី​ជា​បន្ត​ទៀត។

នៅ​ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​បញ្ចុះ​សព​ប្ដី​ជាប់​វិហារ​ឥស្លាម ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ ចុះ​តាម​ផ្លូវ​មេ​នៃ​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត អ្នកស្រី សិន សាហ្វ៊ី រំឭក​ថា លោក ឌុល អៃយ៉ូប ជា​ស្វាមី​ដែល​ស្រឡាញ់​កូន និង​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង។ នៅ​ពេល​លាចាក​លោក​ទៅ ម្នាក់ៗ​សុទ្ធតែ​ស្រក់​ទឹក​ភ្នែក​ស្ដាយ​រូប​លោក ជាពិសេស គឺ​កូន​ប្រុស​អាយុ ៥​ឆ្នាំ​របស់​អ្នកស្រី៖ «កូន​តូច​ហ្នឹង​វា​នឹក​ឪ​វា វា​រត់​មក​ទីនេះ។ ខ្ញុំ​ឲ្យ​កូន​បង​មក​តាម​រក រក​ឃើញ​នៅ​ទីនេះ រួច​ក៏​យក​វា​ទៅ​វិញ​ទៅ។ ខ្ញុំ​សួរ​ថា ឯង​ទៅ​ទីនោះ​ធ្វើ​អ្វី វា​ថា​វា​នឹក​ប៉ា ឲ្យ​យក​ប៉ា​វា​ឡើង​វិញ វា​ថា​ឲ្យ​កាយ​ឡើង​វិញ​មក វា​អត់​ឲ្យ​កប់​ទេ។ មនុស្ស​ស្លាប់​ទៅ​ហើយ យក​ឡើង​មក​ម្ដេច​កើត? វា​ជេរ​គេ ខឹង​គេ​យក (ឪពុក) កប់»។

អ្នកស្រី សិន សាហ្វ៊ី មិន​ដឹង​ត្រូវ​គិត​យ៉ាង​ណា​នោះ​ទេ​អំពី​អនាគត​កូន​ទាំង​ពីរ។ អ្នកស្រី​ក៏​មិន​ដឹង​ថា អាច​រួម​រស់​ជាមួយ​កូនៗ​បាន​យូរ​ប៉ុណ្ណា​ទៀត​ដែរ ត្បិត​អ្នកស្រី​មាន​ផ្ទុក​មេរោគ​អេដស៍​ជាង ១០​ឆ្នាំ​មក​ហើយ។ អ្នកស្រី​បាន​ឆ្លង​មេរោគ​នេះ​តាម​រយៈ​ការ​បញ្ចូល​ឈាម នៅ​ពេល​ឆ្លង​ទន្លេ​កូន​ស្រី​ច្បង ហើយ​តាំង​ពី​ពេល​នោះ​មក អ្នកស្រី​ត្រូវ​រស់​ដោយ​ការ​លេប​ថ្នាំ​ពន្យារ​ជីវិត​ជា​ប្រចាំ។ កូន​ស្រី​ច្បង​របស់​អ្នកស្រី មិន​បាន​ឆ្លង​មេរោគ​នេះ​ទេ ប៉ុន្តែ​អ្នកស្រី​ហាក់​មាន​មន្ទិល​ចំពោះ​កូន​ប្រុស​ពៅ​ដែល​មាន​រាង​កាយ​ ស្គមស្គាំង៖ «ធ្លាក់​ទឹក​ចិត្ត​ដែរ​ហ្នឹង ប៉ុន្តែ​អ្នក​ដែល​ទៅ​ពេទ្យ​ជាមួយ​គ្នា​ហ្នឹង គេ​បញ្ចុះបញ្ចូល​ថា កុំ​ភ័យ កុំ​ពិបាក​កុំ​អី​អ៊ីចឹង។ មនុស្ស​ដែល​កើត​អ៊ីចឹង វា​មាន​ច្រើន​ណាស់ មិន​មែន​មាន​តែ​ឯង​មួយ​ទេ។ ដូច្នេះ​អត់​ពិបាក​ចិត្ត​វិញ​ទៅ។ ចេះ​តែ​កាត់​ចិត្ត​ទៅ បាន​នៅ​ដល់​សព្វថ្ងៃ​ហ្នឹង​ទៅ។ កាល​ពី​ដឹង​មុន​ដំបូង ពិបាក​ដែរ​ហ្នឹង​ណា»។

អ្នកស្រី សិន សាហ្វ៊ី អាយុ ៣៥​ឆ្នាំ មិន​ដែល​គិត​ថា មាន​អ្នក​អាច​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​អ្នកស្រី​បាន​ឡើយ។ អ្នកស្រី​ចង់​ឃើញ​ការ​ស្លាប់​របស់​ស្វាមី ប្ដូរ​មក​ជា​ការ​ទប់ស្កាត់​បទល្មើស​នេសាទ ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​វៀតណាម នៅ​ភូមិសាស្ត្រ​ខេត្ត​កំពត។ ក្រៅ​ពី​នេះ អ្វី​ដែល​អ្នកស្រី​ចង់​បាន​ដើម្បី​បន្ត​រស់​ត​ទៅ​ទៀត គឺ​ផ្ទះ​សមរម្យ​មួយ​ខ្នង ដែល​មាន​ទឹក​ភ្លើង រួម​ទាំង​ម្ហូប​អាហារ​សម្រាប់​កូន​ទាំង​ពីរ និង​ការ​ឧបត្ថម្ភ​ដល់​កូន​ស្រី​ច្បង​ដែល​កំពុង​ប្រឈម​នឹង​ការ​បោះ​បង់​ការ​ សិក្សា៖ «កុំ​ឲ្យ​ពួក​យួន ពួក​អី​ហ្នឹង​ចូល​មក​ធ្វើ​រញ៉េរញ៉ៃ​អ៊ីចឹង។ យើង​មិន​មែន​ថា​មិន​ឲ្យ​គេ​រក​ទេ ព្រោះ​មុខ​របរ​ហ្នឹង យើង​រក​ស៊ី​អ៊ីចឹង​ដូច​គ្នា ប៉ុន្តែ​កុំ​ឲ្យ​យើង​រក​ស៊ី​ខុស​ច្បាប់ រក​ស៊ី​ឲ្យ​ត្រូវ​ច្បាប់​ដូច​គ្នា»៕

No comments: