A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 30 May 2015

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​ជំទាស់​នឹង​គម្រោង​ស្រាវជ្រាវ​រ៉ែ​លោហៈ


ដោយ រដ្ឋា វិសាល
2015-05-30 rfa
សន្និសីទ​កាសែត​ស្ដីពី​ការ​រក​ឃើញ​រ៉ែ​មាស ដោយ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្កិធារ៉ា នៅ​សាលា​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥។
Photo Adhoc

ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ​ឈ្មោះ អង្គរ​ហ្គោល (Angkor Gold) កំពុង​ជួប​បញ្ហា​រាំង​ស្ទះ​ដោយសារ​ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​មួយ​ក្រុម​នៅ​ខេត្ត​រតនគិរី មិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​តំបន់​អ្នក​ភូមិ​អភិរក្ស បើ​ទោះ​រាជ​រដ្ឋាភិបាល​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ប្រតិបត្តិការ​យ៉ាង​ណា​ក្តី។

តើ​មូលហេតុ​អ្វី បាន​ជា​អ្នក​ភូមិ​ប្រឆាំង​នឹង​អាជ្ញាប័ណ្ណ​ស្រាវជ្រាវ? តើ​ក្រុមហ៊ុន​បន្ត​ធ្វើ​ការ​ដោះស្រាយ​ដោយ​វិធី​ណា?

តំណាង​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ អង្គរ​ហ្គោល អះអាង​ថា ពួក​គេ​កំពុង​ស្វែងរក​លទ្ធភាព​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​សហគមន៍ យល់​ដឹង​ពី​ការ​អភិវឌ្ឍ​ផ្នែក​ស្រាវជ្រាវ​រ៉ែ ដែល​អនុលោម​ទៅ​លើ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ដោយ​ក្រសួង​រ៉ែ និង​ថាមពល និង​គោរព​ពេញលេញ​ត្រឹមត្រូវ​ទៅ​លើ​លក្ខខណ្ឌ​ដែល​ក្រសួង​ជំនាញ បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។

ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​រវាង​តំណាង​ក្រុមហ៊ុន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ការិយាល័យ​សមាគម​ខ្មែរ​លើ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា។



តំណាង​ក្រុមហ៊ុន អង្គរ​ហ្គោល លោក ម៉ា សំអាត រៀបរាប់​ថា ប្រជាពលរដ្ឋ​ភូមិ​តាំងម្លូ ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស មិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ចូល​ស្រាវជ្រាវ​នៅ​តំបន់​ប្រតិបត្តិការ​ដែល​ក្រសួង​រ៉ែ បាន​អនុញ្ញាត​នោះ​ទេ បើ​ទោះ​បី​ក្រុមហ៊ុន​បាន​អនុវត្ត​គោល​នយោបាយ​ផ្សព្វផ្សាយ​ណែនាំ​ពី​គោលការណ៍​អភិវឌ្ឍន៍ រួម​ទាំង​លក្ខណៈ​បច្ចេកទេស និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក្តី។ លោក​កត់​សម្គាល់​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន បាន​ព្យាយាម​ជាច្រើន​លើក​ជួប​ប្រជុំ​ពន្យល់ និង​ធានា​ជុំវិញ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ ក៏ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បដិសេធ៖ «អ្វី​ដែល​គាត់​បាន​បដិសេធ គឺ​គាត់​មាន​ការ​ភ័យ​បារម្ភ​បទពិសោធន៍​របស់​គាត់​កន្លង​មក មាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ខ្លះ​ចុះ​មក​សន្យា​ផ្សេងៗ ចុង​បញ្ចប់​គេ​ឈូស​ឆាយ​ដី​គាត់​ដូច​គ្នា។ ខាង​ក្រុមហ៊ុន​យើង​ទទួល​យក​អ្វី​ដែល​គាត់​បាន​លើក​ឡើង អ៊ីចឹង​យើង​ខំ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត ដើម្បី​បញ្ជ្រាប​ចូល​កន្លែង​ហ្នឹង»។

ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ​ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​បន្ត និង​សិក្សា​សមិទ្ធិ​លទ្ធភាព​សេដ្ឋកិច្ច​ជម្រក​រ៉ែ​នៅ​លើ​ផ្ទៃដី​ទំហំ​ជិត ២០០​គីឡូ​ម៉ែត្រ​ក្រឡា (១៨៧​គីឡូម៉ែត្រ​ការ៉េ) នៅ​តំបន់​បរខាំ ស្រុក​អណ្ដូងមាស ស្រុក​បរកែវ និង​ស្រុក​អូរយ៉ាដាវ ចាប់​ពី​ថ្ងៃ​ចេញ​អាជ្ញាប័ណ្ណ​រហូត​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។

បុគ្គលិក​ផ្នែក​បច្ចេកទេស​ក្រុមហ៊ុន អង្គរ​ហ្គោល លោក កែវ ពិសិដ្ឋ រៀបរាប់​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន គឺ​គោរព​ពេញលេញ​ទៅ​លើ​បទដ្ឋាន​បច្ចេកទេស​ដែល​ក្រសួង​បាន​កំណត់ ដូចជា​ការ​ខួង​យក​សំណាក​រ៉ែ​ក្នុង​ដី សកម្មភាព​ប្រតិបត្តិការ​លម្អិត ប្រភេទ​សំណាក​ដី​រ៉ែ​ត្រូវ​ខួង​យក ចំនួន​អ្នក​បច្ចេកទេស កម្មករ និង​មធ្យោបាយ​ក្នុង​ការ​ប្រតិបត្តិការ​ស្រាវជ្រាវ​នេះ។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​គោរព​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។ ហេតុ​នេះ ទើប​ក្រុមហ៊ុន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ សុំ​ការ​ឯកភាព​មុន​នឹង​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ៖ «មិន​ត្រូវ​បាន​កាប់​គាស់​ឆ្ការ ឬ​ឈូស​ឆាយ​អ្វី​ទាំងអស់ គ្រាន់​តែ​ដើរ​រក​ដី ឬ​ថ្ម ហើយ​មាន​អ្នក​ជំនាញ​ធ្វើ​ផែនទី​ថា តំបន់​នេះ​ជា​ប្រភេទ​ថ្ម​អ្វី? ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​តែ​ជួយ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ បាន​ប្រាក់​ចំណូល។ ពេល​ខ្លះ​អ្នក​ភូមិ​ឈឺ​ថ្កាត់ អត់​មាន​ឡាន ក្រុមហ៊ុន​ជួយ​ឡាន​ដឹក​ជញ្ជូន»។

ក្រសួង​ឧស្សាហកម្ម បាន​កំណត់​ឲ្យ​ក្រុមហ៊ុន អង្គរ​ហ្គោល សិក្សា​ស្រាវជ្រាវ​រ៉ែ​លោហៈ​លើ​ផ្ទៃដី​កំណត់​បាន​ចប់​សព្វគ្រប់​ក្នុង​អំឡុង​ពេល​សុពលភាព នៃ​អាជ្ញាប័ណ្ណ ហាម​ឃាត់​ដាច់​ខាត​ការ​ស្រាវជ្រាវ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ដែល​កំណត់​ថា​ជា​តំបន់​វប្បធម៌ ទីតាំង​ប្រវត្តិសាស្ត្រ និង​តំបន់​បេតិកភណ្ឌ​ជាតិ។ ដោយ​ឡែក​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្ទៃដី​ជា​កម្មសិទ្ធិ​ឯកជន ក្រុមហ៊ុន​ត្រូវ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ស្ដីពី​មិន​ជ្រៀតជ្រែក និង​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ ព្រម​ទាំង​ធ្វើ​ការ​ទូទាត់​សំណង​ការ​ខូចខាត​ទាំងឡាយ ដែល​បណ្ដាល​មក​ពី​សកម្មភាព​របស់​ក្រុមហ៊ុន។

ប្រធាន​សមាគម​ខ្មែរ​លើ​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​បញ្ហា​នេះ គឺ​លោកស្រី ដាំ ចន្ធី កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ស្ទើរ​គ្រប់​សហគមន៍ បាន​រងគ្រោះ​ទៅ​នឹង​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន ឬ​ផែនការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល តាម​រយៈ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​រំលោភ​ឈូស​ឆាយ​កាប់​បំផ្លាញ​ព្រៃ​ឈើ បង្ក​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​សហគមន៍ និង​ជាពិសេស បាន​បំពាន​ទៅ​លើ​តំបន់​វប្បធម៌​ប្រពៃណី​អ្នក​ភូមិ ដោយ​គ្មាន​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ជា​មុន។ លោកស្រី​កត់​សម្គាល់​ទៀត​ថា ការ​យល់​ដឹង​មាន​កម្រិត រួម​ទាំង​ផល​វិបាក​ដែល​សហគមន៍​បាន​រងគ្រោះ គឺ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មិន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន ចុះ​ស្រាវជ្រាវ​ទៅ​តំបន់​ពួក​គាត់​អភិរក្ស៖ «ក្នុង​ព្រៃ​ហ្នឹង​ធនធាន​ធម្មជាតិ​ជា​ទីផ្សារ​របស់​ពួក​គាត់ បើ​សិន​ណា​គេ​យក​ធនធាន​ធម្មជាតិ​ពួក​គាត់​អស់​គាត់​ទៅ​ពឹង​លើ​ស្អី? មាន​ក្រុមហ៊ុន​ជាច្រើន​ធ្វើ​កន្លង​មក​ប៉ះពាល់​លើ​ពួក​គាត់ បាន​គាត់​បារម្ភ។ បើ​សិន​ណា​ក្រុមហ៊ុន​និយាយ​ជាមួយ​គាត់​ជាក់លាក់ ស្មោះ​ត្រង់ ខ្ញុំ​ថា​អត់​ស្អី​ទេ»។

ដូច​គ្នា​នេះ​ដែរ សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទំពួន លោក ញ៉ាន់ នា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បារម្ភ​ពី​ផល​ប៉ះពាល់​ទាំង​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ប្រសិន​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ពួក​គាត់​រស់នៅ។ លោក​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​មាន​យន្តការ​ជាក់លាក់​ណា​មួយ​ដែល​ធានា​សិទ្ធិ​រស់នៅ ជំនឿ​ប្រពៃណី បញ្ហា​ដីធ្លី ព្រៃ​ឈើ​សហគមន៍ ថា​មិន​ត្រូវ​បាន​រំលោភ​បំពាន៖ «អ្នក​ភូមិ​គាត់​យល់​ដឹង​តិច​បំផុត គាត់​អត់​អាច​យល់​ដឹង​ពី​រឿង​អភិវឌ្ឍ​ច្បាស់​ទេ អ៊ីចឹង​គាត់​មាន​ការ​ព្រួយ​បារម្ភ។ យើង​បង្ហាញ​ពី​ផល​ប្រយោជន៍ អត់​បង្ហាញ​គ្រប់​ជ្រុងជ្រោយ របៀប​ឆ្លើយ​តប​នឹង​សំណង​របៀប​ដោះស្រាយ​អ៊ីចឹង​បាន​គាត់​យល់​ដឹង»។

ទាក់ទិន​ការ​បារម្ភ​នេះ អនុប្រធាន​ទទួល​បន្ទុក​អភិវឌ្ឍន៍​សង្គម​នៃ​ក្រុមហ៊ុន អង្គរ​ហ្គោល លោកស្រី ឌីលែន វិច (Delayne Wecks) ថ្លែង​ថា ក្រុមហ៊ុន​នៅ​តែ​គោរព​បទដ្ឋាន​ធ្វើ​ការ​ស្រាវជ្រាវ​តាម​បច្ចេកទេស​ស្តង់ដារ​អន្តរជាតិ និង​ឈរ​លើ​មូលដ្ឋាន​គោរព​ច្បាប់​ជាតិ​អន្តរជាតិ និង​សិទ្ធិ​មនុស្ស។ លោកស្រី​បន្ត​ថា ក្រុមហ៊ុន​នៅ​តែ​រក្សា​ជំហរ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​សហគមន៍​ដោយ​សន្តិវិធី មុន​នឹង​ចាប់​ប្រតិបត្តិការ​តាម​អាជ្ញាប័ណ្ណ ក៏ប៉ុន្តែ​អ្នកស្រី​ពិនិត្យ​ឃើញ​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​មាន​តួនាទី​សំខាន់ រួម​ចំណែក​បណ្ដុះ​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​យក​ការ​អភិវឌ្ឍ​ដែល​ឈរ​លើ​គោលការណ៍​គោរព​ច្បាប់ និង​សិទ្ធិ​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្តិធារ៉ា ថ្លែង​ថា យន្តការ​អប់រំ​ប្រជាពលរដ្ឋ​ពី​ផល​ប្រយោជន៍​ការ​អភិវឌ្ឍ​វិស័យ​រ៉ែ គឺ​ជា​កត្តា​សំខាន់​ដែល​ក្រុមហ៊ុន​ត្រូវ​បន្ត​ធ្វើ​ជាមួយ​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌។ លោក​បន្ត​ថា ជម្រើស​ចុង​ក្រោយ​របស់​ក្រុមហ៊ុន ប្រសិន​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បាន ត្រូវ​ផ្តល់​របាយការណ៍​ជូន​អាជ្ញាធរ​ថ្នាក់​ជាតិ ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ក្រុមហ៊ុន៖ «យើង​ក៏​ត្រូវ​ដឹង​ដែរ មូលហេតុ​អ្វី​សហគមន៍​ហ្នឹង​គាត់​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ចូល? ការ​ដែល​ក្រុមហ៊ុន​ចូល​ទៅ​សិក្សា​ហ្នឹង វា​ជា​ផល​ប្រយោជន៍​សាធារណៈ។ ពេល​ដែល​ក្រុមហ៊ុន​ហ្នឹង​គាត់​ព្យាយាម​តាម​មធ្យោបាយ​របស់​គាត់​ទៅ អត់​រួច​ហើយ អ៊ីចឹង​ត្រូវ​តែ​ឈាន​ដល់​ការ​ត្រួត​ពិនិត្យ​ជា​ផ្លូវ​ការ​ហើយ»។

ក្រុមហ៊ុន អង្គរ​ហ្គោល ចាប់​ពី​ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន បាន​សិក្សា​ស្រាវជ្រាវ និង​រក​ឃើញ​មាន​រ៉ែ​មាស​លើ​ផ្ទៃដី ១២​គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ពិគ្រោះ​យោបល់ និង​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​កំណត់។ ក្រុមហ៊ុន​នេះ​រំពឹង​ថា ក្រសួង​រ៉ែ នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​នៅ​ចុង​ឆ្នាំ​២០១៥៕

No comments: