A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 December 2012

An $80 million Vietnamese fertiliser factory opened in Kien Svay district, Kandal province by PM Hun Sen រោងចក្រ​ផលិត​ជី​កសិកម្ម​វៀតណាម​​នៅ​កម្ពុជា​ត្រូវ​សម្ពោធ​ឲ្យ​ដំណើរ​ការ

ដោយ សុខ សេរី 2012-12-25 RFA
ក្រុមហ៊ុន​របស់​វៀតណាម​មួយ បាន​មក​វិនិយោគ​សង់​​រោងចក្រ​ផលិត​ជី​នៅ​កម្ពុជា ក្នុង​ទឹក​ប្រាក់ ៨០​លាន​ដុល្លារ ដែល​អាច​ផលិត​ជី​កសិកម្ម​បាន​ប្រហែល ៥០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ពេល​ខាង​មុខ។

RFA/Sok Serey
២៥-ធ្នូ-២០១២៖ រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ផ្កាយ​៥ របស់​វៀតណាម នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្ពោធ​​បើក​រោង​ចក្រ​នេះ​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​២៥ ធ្នូ បញ្ជាក់​ថា ការ​បង្កើត​រោងចក្រ​ជី​ថ្មី​នេះ​អាច​​​ជួយ​ឲ្យ​កម្ពុជា កាត់​បន្ថយ​នាំ​ចូល​ជី​ពី​បរទេស​ដែល​មាន​ចំនួន​ប្រហែល ៥០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​រោងចក្រ​ផលិត​ជី​ថ្មី​នេះ អាច​ផលិត​ជី​បាន​ប្រហាក់​ប្រហែល​ចំនួន​ជី​ដែល​កម្ពុជា នាំ​ចូល​​ដូច​គ្នា។
រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​របស់​វៀតណាម នោះ គឺ​អាច​មាន​សមត្ថភាព​ផលិត​ជី​កសិកម្ម​ឈ្មោះ អ៊ិនប៉េកា (NPK) ចំនួន​ជាង ៣៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ជំហាន​ដំបូង​សំរាប់​លក់​ឲ្យ​កសិករ​ខ្មែរ ប៉ុន្តែ​រោងចក្រ​នេះ​មាន​ផែនការ​ផលិត​ជី​កសិកម្ម​នេះ​ឲ្យ​ដល់​ចំនួន​ជាង ៥០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ថ្ងៃ​អនាគត។
រោងចក្រ​ផលិត​ជី​កសិកម្ម​អន្តរជាតិ​នេះ ត្រូវ​បាន​សាងសង់​អស់​តម្លៃ​ជាង ៨០​លាន​ដុល្លារ​អាមេរិក នៅ​គ្រា​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​មាន​ផែនការ​ផលិត​ស្រូវ​ឲ្យ​មាន​គុណភាព​ខ្ពស់ និង​បរិមាណ​ច្រើន ដើម្បី​នាំ​ចេញ​អង្ករ​ចំនួន​ជាង ១​លាន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ នៅ​ឆ្នាំ​២០១៥។
ការ​ផលិត​ជី​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ពណ៌នា​ថា គឺ​ជា​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​ប្រាក់​ច្រើន​លាន​ដុល្លារ​អាមេរិក​ ក្នុង​ការ​ទិញ​ជី​កសិកម្ម​ច្រើន​ម៉ឺន​តោន​ពី​បរទេស​ចូល​មក​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ថា លោក​សុំ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​នេះ លក់​ជី​កសិកម្ម​ក្នុង​តម្លៃ​ថោក​សមរម្យ និង​មាន​គុណភាព​ខ្ពស់ ប៉ុន្តែ​កសិករ​ខ្មែរ​នានា​ក៏​មិន​ត្រូវ​បោះ​បង់​ចោល​ជី​ធម្មជាតិ ឬ​ជី​សរីរាង្គ​ក្នុង​ការ​ធ្វើ​កសិកម្ម​ទេ៖ «នៅ​ពេល​ដែល​យើង​មាន​រោងចក្រ​ នៅ​ក្នុង​ស្រុក បាន​សេចក្ដី​ថា រូបិយប័ណ្ណ​របស់​យើង ទាំង​រូបិយប័ណ្ណ​បរទេស​នេះ មិន​ត្រូវ​បាន​ចំណាយ​ទៅ​ក្រៅ​ប្រទេស​ទៀត​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​យើង​បាន​កាត់​បន្ថយ​នូវ​ការ​ហូរ​ចេញ​នូវ​រូបិយប័ណ្ណ​ បរទេស»
ប្រភព​ពី​កសិករ​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ជី​កសិកម្ម​មាន​គុណភាព​ខ្ពស់​របស់​សហរដ្ឋអាមេរិក ដែល​លក់​នៅ​ប្រទេស​កម្ពុជា មាន​តម្លៃ ១៦​ម៉ឺន​រៀល ស្មើ​នឹង​ប្រមាណ ៤០​ដុល្លារ​អាមេរិក ក្នុង​មួយ​បាវ ទម្ងន់ ៥០​គីឡូក្រាម។
ទាក់ទង​នឹង​ការ​បង្កើន​ផលិតផល​ស្រូវ​នៅ​កម្ពុជា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​កំពុង​តែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​ សេដ្ឋកិច្ច និង​ផលិតផល​ក្នុង​ស្រុក (GDP) កន្លង​មក។
អគ្គនាយក​ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​អន្តរជាតិ​ផ្កាយ​៥ របស់​វៀតណាម លោក ត្រឿង វ៉ាន់ម៉ូយ (Tran Van Muoi ) បាន​មាន​ប្រសាសន៍​ជា​ភាសា​វៀតណាម ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​នៅ​ប្រទេស​វៀតណាម។
លោក​បាន​សន្យា​ថា នឹង​ផលិត​ជី​កសិកម្ម​តាម​សេចក្ដី​ត្រូវ​ការ​របស់​កសិករ​ខ្មែរ៖ «ដូច្នេះ ​យើង​ខ្ញុំ​សូម​សន្យា​ក្នុង​រយៈពេល​ទៅ​មុខ នឹង​បន្ត​ដំណើរ​ការ​ការងារ​យ៉ាង​សកម្ម​ជាង​នេះ ដើម្បី​ផលិត​បាន​នូវ​គ្រប់​ផលិតផល​ជី​របស់​ក្រុមហ៊ុន​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​ទាប​បំផុត»
របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​ផ្ទៃ​ដី​ធ្វើ​ស្រូវ​រដូវ​រស្សា និង​ស្រូវ​រដូវ​ប្រាំង​សរុប​ជាង ៣​លាន​ហិកតារ និង​ផ្ទៃដី​ដំណាំ​រួម​ផ្សំ​ចំនួន ៨៥​ម៉ឺន​ហិកតារ​ទៀត។ផ្ទៃ​ដី​ដំណាំ​ដើម​កៅស៊ូ​មាន​ចំនួន ៥៥​ម៉ឺន​ហិកតារ ដូច្នេះ​ប្រទេស​កម្ពុជា ត្រូវ​ការ​ជី​កសិកម្ម​សរុប​ចំនួន ៦១​ម៉ឺន​៧​ពាន់​តោន​ក្នុង​មួយ​ឆ្នាំៗ​នៅ​ថ្ងៃ​អនាគត។
របាយការណ៍​បាន​បន្ត​ថា កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ កម្ពុជា​នាំ​ចូល​ជី​កសិកម្ម​ចំនួន​ជាង ២៥​ម៉ឺន​តោន ប្រៀបធៀប​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ កម្ពុជា​នាំ​ចូល​ជី​កសិកម្ម​ចំនួន ៥១​ម៉ឺន​តោន។
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១២ នេះ កម្ពុជា​នាំ​ចូល​ជី​កសិកម្ម​ចំនួន ៥៥​ម៉ឺន​តោន៕

No comments: