A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 28 September 2012

Kem Sokha: The CPP destroyed natural resources more than previous regimes លោក កឹម សុខា៖ បក្ស​ប្រជាជន​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាង​របប​មុនៗ

ដោយ ម៉ម មុនីរតន៍ 2012-09-28 Radio Free Asia
មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចោទ​ប្រកាន់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​ថា ជា​របប​មួយ​ដែល​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​យ៉ាង​ច្រើន​សន្ធឹក សន្ធាប់ ដែល​មាន​នៅ​ក្នុង​អតីតកាល។

RFA/Uon Chhin
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​នឹង​ភ្នាល់​ដាក់​ជីវិត ប្រសិន​បើ​លោក​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​មិន​បាន។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​នឹង​បង្កើត​ថ្មី​អះអាង​ថា របប​គ្រប់គ្រង​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​បច្ចុប្បន្ន បាន​ធ្វើ​ឲ្យ​សម្បត្តិ​ធនធាន​របស់​កម្ពុជា ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ និង​បាត់​បង់​ជា​បន្ត​បន្ទាប់ ដែល​ផ្ទុយ​ពី​របប​ដឹកនាំ​មុនៗ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក​ហៅ​ការ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​ចង្កោម​គណបក្ស​ប្រជាជន​កម្ពុជា ថា គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​លើ​ដី និង​ក្នុង​ទឹក ដោយ​រួម​ទាំង​ត្រី រ៉ែ មាស និង​ព្រៃ​ឈើ​ផង​នោះ ត្រូវ​រង​ការ​កាប់​បំផ្លាញ និង​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ស្ទើរ​តែ​គ្មាន​សេស​សល់​ក្នុង​ពេល​ បច្ចុប្បន្ន​នេះ។
លោក​បន្ត​ថា ទាំង​របប​គ្រប់គ្រង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច ព្រះ​នរោត្ដម សីហនុ របប​សាធារណរដ្ឋ​ខ្មែរ លោក លន នល់ និង​របប​ខ្មែរ​ក្រហម ឬ​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ពល ពត ជាដើម គឺ​ធនធាន​ធម្មជាតិ​ពុំ​មាន​ការ​បាត់​បង់ ឬ​ត្រូវ​គេ​ជួញ​ដូរ​ឲ្យ​បរទេស ដូច​សម័យ​នេះ​នោះ​ទេ៖ «គឺ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម័យ​ណា​ដែល​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ច្រើន​ជាង​សម័យ​ដែល​ដឹកនាំ ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ គ្រប់​របប​ទាំង​អស់ ទោះ​បី​របប ពល ពត ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ ប៉ុន្តែ​របប​ឥឡូវ​នេះ​សម្លាប់​ធម្មជាតិ​ច្រើន​ជាង​គេ​ទៀត​បាទ»
ទាក់​ទិន​ករណី​នេះ អង្គការ​ការពារ​បរិស្ថាន​ពិភពលោក (Global Witness) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស បាន​ហៅ​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​សម្រាប់​លក់។
នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ការពារ​បរិស្ថាន​ពិភពលោក ចេញ​នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា ពលរដ្ឋ​ប្រមាណ ៧០% នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ប្រទេស​ប្រមាណ​ជាង ១៤​លាន​នាក់ ពួក​គេ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ២ដុល្លារ​ក្នុង​មួយ​ថ្ងៃ ខណៈ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កំពុង​ដាក់​វិនិយោគទុន​ប្រមាណ ៤៥% នៃ​ផ្ទៃ​ដី​សរុប​ទៅ​លើ​វិស័យ​ធនធាន​ធម្មជាតិ​នេះ។
កាល​ពី​ឆ្នាំ​២០០៨ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​សន្យា​ថា ប្រសិន​បើ​លោក​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សម្រាប់​ជាតិ​មាតុភូមិ​ មិន​បាន​នោះ​ទេ លោក​អះអាង​ថា នឹង​ភ្នាល់​ដាក់​ជីវិត។ ក៏ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា សារ​ដែល​លោក ហ៊ុន សែន លើក​ឡើង​នេះ គឺ​គ្រាន់​តែ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ប៉ុណ្ណោះ។
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ជុំវិញ​ការ​រក​ឃើញ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ពី​មន្ត្រី​នាំ​ពាក្យ​របស់​រដ្ឋាភិបាល។
ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក ឈឹម សាវុធ មន្ត្រី​សម្រប​សម្រួល​គម្រោង​វេទិកា​សាធារណៈ និង​វគ្គ​បណ្ដុះ​បណ្ដាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ចាត់​ទុក​ការ​គ្រប់គ្រង​លើ​វិស័យ​ធនធាន​ធម្មជាតិ​របស់​លោក ហ៊ុន សែន នោះ ពុំ​មាន​ប្រសិទ្ធភាព​ទេ។ លោក​ព្រមាន​ថា ប្រសិន​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​តែ​បន្ត​ធូរ​រលុង​ដូច​ពេល​ បច្ចុប្បន្ន​នេះ សម្បត្តិ​ទាំង​ឡាយ​ដែល​សេស​សល់​នៅ នឹង​ប្រឈម​ចំពោះ​ការ​បាត់​បង់​បន្ត​ទៀត៖ «បើ​និយាយ​ពី​ធនធាន​ធម្មជាតិ​ វិញ បើ​និយាយ​ពី​ការ​គ្រប់គ្រង​វិញ យើង​មើល​ឃើញ​ហើយ​កន្លង​មក ការ​គ្រប់គ្រង​អត់​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ ហើយ​បើ​និយាយ​ពី​ការ​បាត់​បង់​វិញ បើ​សិន​នៅ​តែ​គ្រប់គ្រង​របៀប​ដូច​រាល់​ថ្ងៃ​ទៀត ធនធាន​ធម្មជាតិ​ស្រុក​ខ្មែរ នឹង​បាត់​បង់​ទាំង​ស្រុង​តែ​ម្តង»
ទោះ​ជា​បែប​ណា អង្គការ​ការពារ​បរិស្ថាន​ពិភពលោក រក​ឃើញ​ថា រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​ទឹក​លុយ​យ៉ាង​សន្ធឹក​សន្ធាប់ ដែល​បាន​មក​ពី​វិស័យ​ព្រៃ​ឈើ រ៉ែ ឧស្ម័ន និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ជ្រោមជ្រែង​រក្សា​តួនាទី ដើម្បី​បាន​នៅ​ក្នុង​អំណាច​យូរ​អង្វែង​បន្ត​ទៀត៕

No comments: